iPhone X សាកតែ៣០នាទី ឡើងថ្មបាន ៥០%
ទើបត្រូវបញ្ចេញកាលពីយប់មិញ iPhone X កំពុងក្លាយជាប្រធានបទក្ដៅគគុកនៅលើទីផ្សារស្មាតហ្វូន ដោយសារតែវាមានលក្ខណៈពិសេសខុសប្លែកពីជំនាន់មុនៗ។

អ្វីដែលគេកត់សម្គាល់មុនគេ គឺថា Apple បានផ្លាស់ប្ដូរកញ្ចក់អេក្រង់ LCD មកប្រើអេក្រង់ថ្លៃ Super AMOLED ដែលអាចបញ្ចេញរូបភាពច្បាស់ត្រជាក់ភ្នែក ហើយមានកម្រិត Resolution ធំជាងមុនដល់ 1125x2436p។ ចំណែកប៊ូតុង Home ដែលធ្លាប់មានពីនាយ ក៏ត្រូវលុបបំបាត់ចោលផងដែរ។ ដូច្នេះការស្កេនម្រាមដៃ គ្មានទៀតឡើយនៅលើ iPhone X ដោយជំនួសវិញនូវប្រព័ន្ធសុវត្ថិភាព FaceID ឬហៅថាការស្កេនទម្រង់មុខ។

iPhone X ជាស្មាតហ្វូនដំបូងគេរបស់ Apple ដែលបំពាក់បច្ចេកវិទ្យាសាកថ្មឥតខ្សែ (Wireless Charging)។ ឧបករណ៍សាកថ្មឥតខ្សែថ្មីនេះ ក៏អាចប្រើបានជាមួយ Apple Watch និងប្រអប់កាស AirPod ផងដែរ។ ចំណែកថ្មទៀតសោត ក៏អាចសាកបានរហ័សជាងជំនាន់មុនៗដែរ ព្រោះវាប្រើបច្ចេកវិទ្យា Fast Charging ដោយចំណាយពេលត្រឹម ៣០នាទី អាចឡើងថ្មបានដល់ ៥០% ឯណោះ។

អ្នកគាំទ្រផលិតផល Apple អាចធ្វើការកុម្ម៉ង់ iPhone X ដែលមានតម្លៃចាប់ពី៩៩៩ដុល្លារ នាថ្ងៃទី២៧ ខែតុលា ខណៈការដាក់លក់ផ្លូវការចាប់ផ្ដើមនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧៕

ប្រភព៖ kleykley
No comments: