អាចារ្យធំចេញសារបកស្រាយ ក្រោយមានអ្នកយកឈ្មោះខ្លួនទៅប្រើប្រាស់ជេរប្រមាថ ម៉ៅ ហាជី

អតីតបេក្ខជន Cambodia Idol រដូវកាលទី ១ លោក ម៉ៅ ហាជី បច្ចុប្បន្នជាតារាចម្រៀងមួយរុពនៅផលិតកម្មថោន ពិតជាទទួលបានការពេញនិយម និងស្រលាញ់គាំទ្រជាច្រើនពីបណ្ដាយុវវ័យសម័យថ្មី។ ស្រាប់តែថ្មីៗ នេះ តារាចម្រៀងរូបនេះ បែរជាបានទទួលសារពីគណនី ក្នុងហ្វេសប៊ុកមួយមានឈ្មោះថា អាចារ្យធំ បែកស្លុយ។ ដែលគណនីមួយនេះ បានធ្វើការផ្ញើរសារជេរប្រមាថរូបលោកដោយពាក្យមិនសមរម្យ ជាហេតុបង្ករឲ្យមានការយល់ច្រលំពីអ្នកមួយចំនួនថា គណនីមួយនេះជារបស់អាចារ្យធំ ដែលជាអ្នកនិពន្ធមួយរូប។

ពាក់ព័ន្ធនឹងករណីនេះ អាចារ្យធំផ្ទាល់ក៏បានចេញមុខបកស្រាយទៅលោកម៉ៅហាជី វិញ ចៀសវាងការយល់ច្រលំ។ លោក អាចារ្យធំ បានសរសេរសារថា៖ “ជាបឋមខ្ញុំសូមសម្ដែង ការសោកស្ដាយ នូវរឿងដែលមិនគួរកើតឡើងនេះ ចំពោះសម្លាញ់ Mao Hachi ហើយរូបខ្ញុំផ្ទាល់សែនហួសចិត្តចំពោះករណីនេះ ដែលនាំអោយសម្លាញ់មិនសប្បាយចិត្ត និងនាំអោយមានការប៉ះពាល់ដល់កិត្តិយសរវាងយើងទាំងពីរនាក់ផងដែរ។ ខ្ញុំសូមសារភាពថា នេះមិនមែនជា គណនីហ្វេសប៊ុក ពិត របស់ខ្ញុំទេ ព្រោះគណនីពិតរបស់ខ្ញុំមានអ្នក Follow ជាង១០ម៉ឺននាក់ ហើយក៏មិនមានប្រើពាក្យថា «បែកស្លុយ» នោះដែរ។ នេះប្រាកដណាស់ថា ជាជនខិលខូច ជនឱកាសនិយម ដែលបាន បង្កើតឡើងក្នុងគោលបំណងប្រព្រឹត្តនូវអំពើទុច្ចរឹតផ្សេងៗ ហើយទម្លាក់កំហុសមកលើរូបខ្ញុំដែលជាសាមីខ្លួនពិត និងដើម្បីប្រើក្នុងរូបភាពវាយប្រហារកំបាំងមុខទៅនរណាម្នាក់តែប៉ុណ្ណោះ។ សូមសម្លាញ់ទទួលជ្រាបនូវការបកស្រាយទាំងស្រុងអំពីខ្ញុំ។

ខ្ញុំម្ចាស់គណនីពិត «អាចារ្យធំ នគររាជ» សូមប្រកាសថ្កោលទោសចំពោះជនខិលខូច ថោកទាប ទាំងឡាយណាដែលបានលួចបង្កើតគណនីហ្វេសប៊ុក ឈ្មោះខ្ញុំក្លែងក្លាយ ដើរវាយប្រហារទៅលើបុគ្គលណាម្នាក់ និងសូមប្រើវិធានការផ្លូវច្បាប់ចំពោះជននោះជាដាច់ខាត។ ដូចនេះសូមបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះគណនីក្លែងក្លាយទាំងនោះផង។” យ៉ាងណាមិញ បើមើលតាមគណនីរបស់លោក ម៉ៅ ហាជី តារារូបនេះហាក់ដូចជាមិនមានការខឹងក្រោធអ្វីទៅនឹងអាចារ្យធំឡើយ ព្រោះបានដឹងច្បាស់ថា ជាល្បិចរបស់ជនខិលខូចដែលតែងយកមកប្រើ ដើម្បីបង្ករទំនាស់ និងបញ្ហាតែប៉ុណ្ណោះ៕







No comments: